ភ្នំពេញ៖ នៅទីស្ដីការក្រសួងឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមាន ការចូលរួមពីសំណាក់សមាជិក សមាជិកាគណៈកម្មការផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទិសដៅបន្ត សំដៅឱ្យការអនុវត្តកម្មវិធីនេះ កាន់តែមានភាពទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
សមាជិកសមាជិកាគណៈកម្មការដឹកនាំកំណែទម្រង់របស់ក្រសួង បានពិភាក្សាលើប្រធានបទសំខាន់ៗទាក់ទងនឹងវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្តមុខងារសម្រាប់អនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការពិនិត្យលទ្ធភាពមុខងារបន្ថែមរបស់ក្រសួងទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងទិសដៅការងារអនុវត្តបន្ត៕