រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ក្រសួងបានរកឃើញករណីវិជ្ជមាន នៃវីរុសកូវីដ-១៩ថ្មី ម្នាក់ទៀត នៅលើបុរសជនជាតិឥណ្ឌូណេស៊ី តែនៅថ្ងៃនេះ មិនមានករណីព្យាបាលជាសះស្បើយថ្មីទេ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិឥណ្ឌូនេស៊ីរូបនោះ មានអាយុ២៦ឆ្នាំ ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ-១៩។
អ្នកជំងឺរូបនេះ មានអាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គាត់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយបានបន្តជើងហោះហើរ ចេញពីប្រទេសសិង្ហបុរី មុននឹងមកដល់កម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ បើតាមលទ្ធផលធ្វើតេស្តលើវត្ថុសំណាករបស់គាត់ រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១១៣នាក់ (ស្រី២៣នាក់) ក្នុងចំនួននេះ មានបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំខាងលើ។ រីឯអ្នកដំណើរចំនួន ១១២នាក់ បានធ្វើតេស្តអវិជ្ជមាន នៃវីរុសកូវីដ-១៩ នោះ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន២ថ្ងៃ នៅវិទ្យាល័យបុរី ១០០ខ្នង ចំនួន៤៩នាក់ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៦២នាក់ និងនៅស្ថានទូតសិង្ហបុរីចំនួន១នាក់។
បើគិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៨១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ចំនួន៥នាក់៕