ពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះមកចែកស្រូវពូជ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ ជិត២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។
នៅក្នុងពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋនាថ្ងៃនោះដែរ គឺមានពីរទីតាំងដោយទីតាំងទី១ ធ្វើឡើងនៅក្នុងពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋ មកទទួលយកស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ចំនួន១៣០៤៧គ្រួសារ និងទីតាំងទី២ ស្ថិតនៅក្នុងបរិវេនវិទ្យាល័យអូរតាប៉ោង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ចំនួន៤២៥៩គ្រួសារ។
នៅក្នុងពិធិចុះចែកស្រូវពូជ ជូនប្រជាពលរដ្ឋទាំងពីរទីតាំង ក្នុងទឹកដីខេត្តពោធិ៍សាត់ នាឱកាសនោះដែរ ឯកឧត្តមហ៊ុន ម៉ាណែត ក៏បានពាំនាំការនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាត់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។
អំណោយដែលត្រូវបាន ចែកជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ ជិត២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះ ក្នុងមួយគ្រួសារៗ ទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស ឃីត ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល៕