ភ្នំពេញ ៖ សមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 បាន២នាក់ ដែលគេស្គាល់ថា ថៅកែឈ្មោះ ប៊ុន ធឿន និងដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែតាមប្រភពព័ត៌មានបង្ហើបថា មេឆ្នោតវៀតណាម កំពុងរត់ការឱ្យមានការដោះលែងវិញ។
សូមបញ្ជាក់ថា នគរបាលខណ្ឌដង្កោ បានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមដុះស្លែមួយនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និងទី២-ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ។
នៅមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានទទួលកត់ឆ្នោតវៀតណាមឱ្យថៅកែឈ្មោះ ប៊ុន ធឿន អាយុប្រហែល៣៥ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន។
ប្រជាពលរដ្ឋលើកឡើងថា ទីតាំងកត់ឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 នេះ គឺដំណើរការជាយូរមកហើយ ដោយមានថៅកែឈ្មោះ ប៊ុន ធឿន ជាអ្នកកាងរហូតមក។
ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចក៏ដូចជាតុលាការ នឹងចាត់វិធានការចំពោះភ្នាក់ងារទាំង២នាក់នេះ និងតាមចាប់ខ្លួនថៅកែឈ្មោះ ប៊ុន ធៀននេះផង៕