បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានធ្វើការណែនាំ និងដាក់ផែនការដល់ភាគីពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ឱ្យបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ព្រមទាំងឱ្យចូលរួមអនុវត្តបន្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីសន្តិសុខសុវត្ថិភាពជូនសង្គមជាតិ ។
ការដាក់ផែនការនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តម សុខ លូ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង Zoom នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរវិស័យនានាក្នុងខេត្ត និងគណៈអភិបាល សមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំង១៤ របស់ខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់សមាជិកនៃអង្គប្រជុំបានលើកយកបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរយៈពេលកន្លងមក ដោយអនុញ្ញាតិឱ្យលើកយកបញ្ហាទាំងនោះមកដាក់លើតុ ដើម្បីរួមគ្នាធ្វើការដោះស្រាយ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង តាមសំណូមពរ និងតម្រូវការ ដែលពួកគាត់ចង់បាន ។
ក្នងឱកាសនោះក៏បានរំលេចឱ្យដឹងផងដែរ អំពីស្ថានភាពផ្លូវនានាក្នុងក្រុងមានការខូចខាតច្រើន ដូចជាផ្លូវសំបុកមាន់ ការគ្រប់គ្រងកាកសំណល់សាធារណៈ បញ្ហាកង្វះឧកស៊ីសែន ដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ព្រោះជំងឺកូវីដ១៩ ជាបញ្ហាក្តៅគគុក ដែលបច្ចុប្បន្ន ក្រៅពីមន្ទីរពេទ្យសាធារណៈ នៅមានមន្ទីរពេទ្យក្នុងវិស័យឯកជនចំនួន២ ក្នុងក្រុងបាត់ដំបងផងដែរ ។
នៅមានបញ្ហាសំខាន់ជាច្រើនទៀតដូចជា ការកាប់បំផ្លាញព្រៃឈើ ព្រោះការបាត់ព្រៃឈើធ្វើឱ្យកើតមានគ្រោះធម្មជាតិដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ និងភាពរាំងស្ងួត ក្រៅពីនោះ គឺបញ្ហាអនាម័យបរិស្ថានក្នុងក្រុង ត្រូវបានលើកយកមកដាក់ក្នុងកិច្ចប្រជុំនេះ ដើម្បីជួយគ្នាដោះស្រាយ ហើយក៏មានសំណូមពរត្រូវធ្វើការផាកពិន័យចំពោះអ្នកចោលសំរាមពាសវាលពាសកាលឱ្យធ្ងន់ធ្ងរតាមច្បាប់ ដើម្បីឱ្យអ្នកប្រព្រឹត្តិមានការរាងចាល ។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ត្រូវបាន ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានចាត់ទុកថា នេះគឺជាក្តីកង្វល់របស់រដ្ឋបាលខេត្ត ដែលត្រូវតែរួមគ្នាធ្វើការងារនេះឱ្យបាន ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដោយឡែកគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ជាផ្នែកមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ដែលយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តបន្តទៀត ទើបផ្តល់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។
ឯកឧត្តម សុខ លូ បានប្តេជ្ញាចិត្តនឹងបន្តនិរន្តរភាព ក្នុងការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើនបន្តទៀតក្នុងនោះឯកឧត្តមបានជំរុញនិងធ្វើការណែនាំដល់ផ្នែកពាក់ព័ន្ធឱ្យមានការដាំដើមឈើនៅតំបន់រិចរិលឱ្យបានច្រើនឡើងវិញ ៕