បាត់ដំបង៖ នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក សួន ស៊ីរ៉ា បានផ្តល់ព័ត៌មានមកភ្នាក់ងារប្រចាំខេត្តបាត់ដំបងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលទៅលើនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប និងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដឹកនាំដោយលោក វរសេនីយ៍ឯក ព្រំ ពិសិដ្ឋ បានចុះប្រតិបត្តិការបង្ក្រាបករណីគំរាមកំហែងហែកកេរ្តិ៍ (ទារប្រាក់តាមបណ្តាញសង្គម ហ្វេសប៊ុក)១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឈន់ កូរីណា ភេទប្រុស (ភេទទី៣) អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាព ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Bona ta momo ប្រហែលមួយឆ្នាំកន្លងមកហើយ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ ជនសង្ស័យខាងលើប្រើល្បិច និយាយគ្នាតាមប្រព័ន្ធ វីដេអូ ឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មើលផ្នែកខាងក្រោមទេ បើចង់មើលជនរងគ្រោះត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហើយជនសង្ស័យក៏បានថតរូបជនរងគ្រោះ និងបានគំរាមទារប្រាក់ពីជនរងគ្រោះ ឈ្មោះ រ៉ា វិត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រហែលចន្លោះ ពី ៤ពាន់ ទៅ៥ពាន់ដុល្លារ ។
លោក សួន ស៊ីរ៉ា បានបន្តថាវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO A53 ពណ៌ ស ចំនួន ០១ គ្រឿង ។បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕