រតនគិរី ៖ ដោយមើលឃើញពីទុក្ខលំបាកនៅវេលាថ្ងៃត្រង់ទី២៥ខែមករាឆ្នាំ២០២២គណបក្សប្រជាជនកម្ពុជាក្រុងបានលុងនាំអំណោយអង្ករ៣០គីឡូក្រាមនិងថវិកា៦៤ម៉ឺនរៀលជូនគ្រួសារមួយមានជំងឺប្រចាំកាយស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។
បើតាមភរិយាអ្នកជំងឺប្រចាំកាយប្រាប់ឲ្យដឹងថាប្តីគាត់មានឈ្មោះវ៉ែន វិច្ឆ័យអាយុ៣០ឆ្នាំមានកូនពីរនាក់ក្នុងបន្ទុក(ស្រីមួយ)ហើយគាត់មានជំងឺជាងមួយឆ្នាំមកហើយ។កន្លងមកក្រុមគ្រួសារគាត់បាននាំអ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរតែមិនបានធូរស្រាលរហូតដល់ព្យាបាលថ្នាំខ្មែរទៀតតែមិនបានធូរស្បើយ។ដោយខ្វះលទ្ធភាពព្យាបាលភរិយាវ័យក្មេងបានអំពាវនាវសប្បុរសជនសូមជួយក្រុមគ្រួសារគាត់ផង។
ក្នុងឱកាសនាំយកអំណោយគណបក្សប្រជាជនក្រុងបានលុងជូនគ្រួសារខាងលើនេះដែរលោកចាន់ សារុនចៅសង្កាត់ឡាបានសៀកបានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តរតនគិរី,ថ្នាក់ដឹកនាំគណបក្សប្រជាជនក្រុងបានលុងដែលជានិច្ចកាលតែងតែជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលជួបបញ្ហា។លោកចាន់ សារុនបន្តថាអំណោយដែលនាំមកប្រគល់ជូននាពេលនេះគឺបានមកពីទឹកចិត្តសប្បុរសធ៌មសមាជិក សមាជិកាគណបក្សប្រជាជនក្រុងបានលុងនិងសមាជិក សមាជិកាសង្កាត់ឡាបានសៀក។ទោះបីអំណោយជូនពេលនេះតិចតួចក្តី តែវាអាចជួយសម្រាលបន្ទុកបានមួយរយៈ។បន្ថែមពីនេះទៀតលោកចាន់ សារុនក៏បានលើកទឹកចិត្តភរិយាវ័យក្មេងឲ្យមានការតាំងចិត្តរឹងមាំដោយគណបក្សប្រជាជនមិនបោះបង់ចោលបងប្អូនមានទុក្ខលំបាកនោះទេពោលគឺបន្តជួយតទៅទៀតដោយព្យាបាលថ្នាំពេទ្យនិងព្យាបាលដោយថ្នាំខ្មែរផងដែរ៕