ថៃ៖យោងតាមការចុះផ្សាយពីសារព័ត៌មានថៃនាថ្ងៃទី០៧ ខែមេសានេះថា ការិយាល័យអគ្គមេធាវីថៃ (OAG) បាននិយាយថា ខ្លួនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតអនុសញ្ញាបត្យាប័នក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅត្រឹមឆ្នាំ២០២៤។
ការលើកឡើងខាងលើទាក់ទងនឹងបញ្ហានេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះក្នុងទីក្រុងបាងកក ក្នុងឱកាសប្រារព្ធខួបលើកទី១២៩ នៃ OAG។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីនាយកដ្ឋានផ្សេងៗ ដើម្បីពិភាក្សាអំពីវិធីក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ។
លោក Jumpon Phansumrit អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិរបស់ OAG បាននិយាយថា សកម្មភាពឧក្រិដ្ឋកម្មសព្វថ្ងៃនេះមានភាពស្មុគស្មាញណាស់ ជាពិសេសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានការចាត់តាំង ដូចជាការឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទជាដើម។
លោកបាននិយាយបន្ថែមថា ឧក្រិដ្ឋកម្មទាំងនេះកំពុងប៉ះពាល់ដល់បណ្តាប្រទេសជាច្រើន ដែលរួមមានទាំងប្រទេសថៃផងដែរ។
ដូច្នេះ OAG កំពុងសហការជាមួយបណ្តាប្រទេសជិតខាងដើម្បីព្រាងអនុសញ្ញាស្តីពីបត្យាប័នអាស៊ាន ខណៈដែលវិធានការបច្ចុប្បន្ន ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចការឧក្រិដ្ឋកម្មឆ្នាំ១៩៩២ គឺមិនទាន់គ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបែបនេះ។
លោក Jumpon បាននិយាយថា អនុសញ្ញានេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងអាស៊ាននៅក្នុងឆ្នាំ២០២៤៕