កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបន្តណែនាំ និង ជំរុញដល់អភិបាលស្រុក មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងនិង អប់រំ ប្រជាពលរដ្ឋ ចូលរួមសហការឲ្យបានក្នុងការទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនថាទ្រង់ទ្រាយធំ ឬតូចត្រូវធ្វើការទប់ស្កាត់ដើម្បីរក្សានូវពូជមច្ឆាជាតិក្នុងបឹងទន្លេសាបឲ្យបានគង់វង្ស។
លោកអភិបាលខេត្តមានប្រសាសន៍យ៉ាងដូចនេះ ក្នុងការអញ្ជើញចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម,លោកជំទាវ អភិបាលរងខេត្ត,អភិបាលស្រុក,លោកលោកស្រី,ប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការ កងកំលាំងទាំងបី ។
ក្នុងឱកាសនោះផងដែរលោកអភិបាលខេត្តកំពង់ធំ បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជា មានតួនាទីយ៉ាងសំខាន់ និង ជាដៃគូជាមួយរដ្ឋបាលជួយគាំទ្រ! កិច្ចការងារសង្គម ជាពិសេសលើបញ្ហាគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន។
ជាមួយគ្នានេះលោកអភិបាលខេត្តសូមអំពាវនាវបន្ថែម រដ្ឋបាលស្រុកក្រុងត្រូវយកចិត្តទុកដាក់ គាំទ្រ!រាល់កាតព្វកិច្ចសង្គម ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តកំពង់ធំ មានលទ្ធភាពបន្តបេសកកម្មឱ្យបានគ្រប់ច្រកល្ហក ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកងួន រតនៈ សូមថ្លែងអំណរគុណ នូវកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខេត្តគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការស្រុក និង មន្ត្រីទាំងអស់ដែលបានបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក៕