កំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តកំពង់ធំ ធ្វើការចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ ឲ្យចាប់ខ្លួន ជាបេក្ខជនមេឃុំចំណារលើ (បក្សភ្លើងទៀន) របស់សាលាដំបូងខេត្តកំពង់ធំពាក់ព័ន្ធករណីប្លន់។
ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅស្ថិតក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
យោងតាមប្រពភពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះឌុក សារ៉ុម ហៅញឹម សារ៉ុម ហៅ ឌុក រ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១២ ដ.ក/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោកស៊ិត វណ្ណ: ចៅក្រម ស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ធំ ចោទ ប្រកាន់ពីបទប្លន់ ដែលប្រព្រឹត្តកាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ ត្រង់ចំណុច ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយនឹងការចាប់ខ្លួនជនជាប់ចោទរូបនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអោយដឹងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ «កម្លាំងនគរបាលរបស់លោក ពិតបានចាប់ខ្លួនជនជាប់ចោទរូបនេះប្រាកដមែន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសាលាដំបូងខេត្តកំពង់ធំ» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំមីនា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ពីបទប្លន់ តាមមាត្រាបញ្ញាតិ មាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ប្រព្រឹត្តនៅភូមិជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។
សូមបញ្ជាក់ថា លោក ញឹម សារ៉ុម បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕