ភ្នំពេញ ៖ ស្របពេលដែលថ្មីៗនេះ មានការផ្សាយព័ត៌មាន លើករណីសមត្ថកិច្ចចុះឃាត់ខ្លួន ក្រុមមេខ្យល់ដែលបង្ខំក្មេងតូចៗ ឲ្យដើរសុំទានតាមទីសាធារណៈ ហើយក្រៅពីមានការរិះគន់ចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះ ពីសំណាក់មហាជនរួចមក តារាស្រីរូបស្រស់កញ្ញា សួង សាខារ៉ានីត ក៏បានបញ្ចេញអារម្មណ៍ពិត អាណិតដល់ក្មេងៗទាំងនោះ ខណៈដែលកន្លងមក នាងតែងមើលរំលង ព្រោះតែនាងថាក្មេងៗទាំងនេះ ត្រឹមតែជាទាសកររបស់បុគ្គល ដែលជាមេខ្យល់តែប៉ុណ្ណោះ។
តារាសម្តែងចង្កាស្រួច កញ្ញា សួង សាខារ៉ានីត បាននិយាយថា «ឲ្យមីងសូមទោសណាក្មួយៗ ព្រោះកន្លងមក មីងមិនសូវជួយជាលុយដល់ក្មួយៗ តែបើក្នុងឡានមាននំចំណី មីងក៏ឲ្យ តែមីងពិតជាពិបាកក្នុងខ្លួន និងខ្មាស់ក្មួយៗមែនទែន ពេលដែលក្មួយលើកដៃសំពះសុំលុយ ត្រឹមតែ១០០ឬ៥០០រៀល តែមីងតែងក្រវីក្បាលបង្ខំចិត្ត ឆ្លើយកុហកក្មួយថា មិនមានលុយប៉ុនៗហ្នឹងនោះ!»។
តារាស្រីកញ្ញា សួង សាខារ៉ានីត បានបន្ថែមថា «ជួនកាលពេលអ្នកជិះរួមផ្លូវ គេមើលមកគេស្គាល់ខ្ញុំរៀងច្រើនដែរ គេប្រហែលជាគិតថា ខ្ញុំល្អតែរូបតែចិត្តអាក្រក់ហើយមើលទៅ តែក៏មានអ្នកខ្លះ គេក៏យល់ថា ខ្ញុំធ្វើនេះ គឺដើម្បីអ្វីនោះ តែយ៉ាងណាក៏មីងនៅតែចង់និយាយថា សូមទោសដដែលនឹងណាក្មួយៗ…»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កំលាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន និងបញ្ជូនស្រ្តីជាមេខ្លោងម្នាក់ បង្ខំក្មេងៗឲ្យដើរសុំទាន តាមទីសាធារណៈទៅតុលាការ ខណៈដែលស្រ្តីមេខ្យល់រូបនេះ បានប្រើប្រាស់កុមារៗជាច្រើន ឲ្យដើរសុំទានតាមផ្លូវ ឬនៅតាមភោជនីយដ្ឋាន និងភ្លើងស្តុបមួយចំនួន នៅកណ្តាលរាជធានីភ្នំពេញ ជាដើម៕